លោកជំទាវអភិបាលខេត្តប៉ៃលិនបានចុះត្រួតពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅតាមភូមិសាស្ត្រនានាក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ រហូតមកដល់វេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រោយពីភ្លៀងធ្លាក់មកលើក្រុងប៉ៃលិនធ្វើឱ្យទឹកស្ទឹងបរយ៉ាខាស្ទុះឡើងគួរឱ្យព្រួយបាម្ភកំពុងហូរត្របាញ់ គំហុកក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឱ្យលិចផ្លូវនិងដាច់ប្រព័ន្ធលូមួយកន្លែង នៅភូមិក្រចាប់ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានដឹកនាំក្រុមការងារនិងអាជ្ញាធរក្រុងប៉ៃលិនដើម្បីចុះពិនិត្យស្ថានភាព ជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ដោយមានទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២១នេះនិងបរិមាណទឹកនៅផ្នែកខាងលើមានសភាពហូរខ្លាំងផងបានបង្កឲ្យមានជំនន់ហូរចាក់ទៅក្នុងភូមិសាស្រ្តផ្នែកខាងក្រោមជាពិសេសភូមិសាស្ត្រស្រុកសាលាក្រៅដែលជាតំបន់ទំនាបទៀតផង ។ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខបែបនេះ អាជ្ញាធរខេត្តនិងគណៈបញ្ជាការឯកភាពខេត្ត លោកជំទាវបានឲ្យក្រុមការងារ អាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធាត្រៀមកម្លាំងនិងសម្ភារៈ ទូក រថយន្ត ស្បៀងនិងទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ។
លោកជំទាវអភិបាលខេត្ត បានណែនាំអាជ្ញាធរមូលដ្ឋានឱ្យត្រៀមរួចជាស្រេចនូវវិធានការនានាដូចជាមធ្យោបាយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
លោកជំទាវអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ដែលកំពុងជន់នេះ សូមស្វែងរកទីទួលមានសុវត្ថិភាពពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗក៏ដូចជាត្រូវរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលាផងដែរ ៕


WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare