
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ណែនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនគរបាលការពារព្រំដែនជើងទឹក៤៣០ សូមសហការជាមួយគ្នាឱ្យបានល្អ
(កែប)៖ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានណែនាំឱ្យសមត្ថកិច្ចជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង កងកម្លាំងប្រដាប់អាវុធនៃទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែបត្រូវធ្វើការជាមួយគ្នាឱ្យជិតស្និត និងសហការគ្រប់ជំហានដើម្បីទប់ស្កាត់អោយខានតែបាននូវសកម្មភាពបទល្មើសគ្រប់ប្រភេទ។
ឯកឧត្តមមានប្រសាសន៍ដូចនេះក្នុងពិធីសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធនៃទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០ ប្រចាំខេត្តកែប នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះ អមដំណើរដោយលោក-លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះឱ្យរដ្ឋបាលខេត្ត និងអភិបាលក្រុងស្រុក។
ឯកឧត្តមបន្ថែមថា និងមិនលើកលែងឱ្យជាដាច់ខាតនូវសកម្មភាពអាណាធិបតេយ្យរបស់ក្រុមអ្នកនេសាទល្មើសច្បាប់បន្ទាប់ពីពួកគេហ៊ានចូលមកដណ្តើមជនសង្ស័យពីសមត្ថកិច្ចមិនអស់ចិត្តលើកគ្នាមកដណ្តើមយកទូកអួសឆក់ដែលជាវត្ថុតាងចំនួន២គ្រឿនបន្ថែមទៀត។ អភិបាលខេត្តកែបបានចាត់ទុកសកម្មភាពនេះជាអំពើមិនគប្បី និងមិនគួរឱ្យលើកលែងចំពោះក្រុមអ្នកនេសាទល្មើសច្បាប់ទាំងនោះ។ លោកបញ្ជាក់ថា ត្រូវតែស្រាវជ្រាវនាំយកមកវិញទាំងជនសង្ស័យ និងវត្ថុតាង។
ឯកឧត្តមក៏បានសង្កត់ធ្ងន់ដែរថា ក្នុងបទល្មើសគ្រប់ប្រភេទប្រសិនបើរកឃើញថា មានមន្រ្តីឬកងកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងមិនលើកលែងជាដាច់ខាត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥កន្លងទៅ មន្ត្រីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចាប់ខ្លួនមនុស្សជាអ្នកនេសាទចំនួន៥រូប និងទូកអូសភ្ជាប់ឧបករណ៍ឆក់ចំនួន២គ្រឿងធ្វើឡើងនៅចំណុចខាងលិចកោះពោធិ៍តែក្រោយពេលបញ្ជូនដល់កំពង់ផែទេសចរណ៍កោះទន្សាយ មនុស្ស៣នាក់ត្រូវបានក្រុមគ្រួសារ និងគ្នីគ្នាប្រមាណ២០ទៅ៣០នាក់រំដោះចេញពីដៃរបស់មន្រ្តីជលផល និងកម្លាំងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែបរួមទាំងទូក២គ្រឿងដែលជាវត្ថុតាងនោះផងដែរ៕