
អ្នកជំនាញ៖ “វ៉ាន់នីឡា” ដំណាំមួយប្រភេទដែលផ្លែ១គីឡូក្រាមអាចលក់បានក្នុងតម្លៃជាង ១ពាន់ដុល្លាអាមេរិកព្រោះតែកត្តាពូជ ការថែទាំ និងទីតាំងភូមិសាស្រ្ត
លោក សរ វិចិត្រ អ្នកជំនាញម្នាក់នៃក្រុមហ៊ុន ហ្វាម លីង បានបញ្ជាក់ថា ខេត្តកំពតល្បីដំណាំទុរេន និងម្រេចខ្លាំងជាងគេដែលម្រេច១គីឡូក្រាមតម្លៃចម្លោះពី១៥ ទៅ៣០ដុល្លារប៉ុន្តែឥឡូវរុក្ខជាតិប្រភេទវល្លិ៍ម្យ៉ាងដែលកម្រនឹងដាំដុះនៅប្រទេសមួយចំនួនក៏ដូចជាបណ្តាខេត្តរបស់កម្ពុជានោះ បាននឹងកំពុងលូតលាស់ និងផ្តល់ទិន្នផលល្អ គុណភាពខ្ពស់ នៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត ស្ថិតក្នុងត្រពាំងស្កែ ឃុំត្រពាំងសង្កែ ដែលតម្លៃ ១គីឡូក្រាមអាចលក់ក្នុងតម្លៃជាង ១ពាន់ដុល្លាអាមេរិក។
លោក សរ វិចិត្រ បានប្រាប់ឱ្យដឹងថា “វ៉ាន់នីឡា” (Vanilla) ជារុក្ខជាតិដាំដុះបានដោយកម្រហើយវាជាដំណាំមួយប្លែកនៅកម្ពុជា។ ដំណាំនេះគឺត្រូវទាមទារភូមិសាស្ត្រ និងអាកាសធាតុអំណោយផលទើបវាផ្តល់ផលបានល្អដែរ។ ប៉ុន្តែឆ្លងកាត់ការសិក្សាស្រាវជ្រាវ និងបទពិសោធន៍ជាង ១០ឆ្នាំមកនេះ លោកអាចនិយាយបានថា ក្រុមហ៊ុនដាំវ៉ាន់នីឡាទទួលបានជោគជ័យក្នុងការដាំនៅចម្ការក្នុងស្រុកទឹកឈូនេះ។
បុគ្គលិកក្រុមហ៊ុន ហ្វាម លីង រូបនេះបានឱ្យដឹងផងដែរថា ដំបូងការដាំដំណាំវ៉ាន់នីឡានេះគឺធ្វើឡើងតែចន្លោះពី ២០០ ទៅ ៣០០គុម្ព ដើម្បីធ្វើតេស្តពូជដែលពូជវាគឺនាំចូលមកពីបណ្តាប្រទេសផ្សេងៗគ្នាហើយប្រភេទខុសៗគ្នា មានពូជខ្លះស្រួលថែទាំ និងពូជខ្លះពិបាកថែទាំក្រោយសាកល្បងរួចមានតែពូជមួយប្រភេទប៉ុណ្ណោះដែលទទួលបានជោគជ័យ និងទទួលបានទិន្នផលល្អគឺវ៉ាន់នីឡាប្រភេទ “តាអ៊ីទី”។
វ៉ាន់នីឡាដែលកំពុងដាំនៅស្រុកទឹកឈូគឺដាំលើផ្ទៃដីប្រមាណជាង ១ហិកតា ដែលសរុបជាគុម្គវិញគឺបានប្រមាណជា ៦០០ ទៅ ៧០០គុម្ពដោយសារមានការបែងចែកជាទីតាំងផ្សេងៗគ្នា។ ហើយចំពោះទិន្នផលដែលប្រមូលបានគឺមិនទៀតទាត់ទេព្រោះឆ្នាំខ្លះបានល្អ ឆ្នាំខ្លះមិនបានល្អបើឆ្នាំដែលទទួលបានទិន្នផលល្អគឺអាចប្រមូលផលបានចន្លោះពី ១៥គីឡូក្រាម ដល់ ២០គីឡូក្រាមហើយអាចលក់បានតម្លៃជាង ១ពាន់ដុល្លារអាមេរិកក្នុង១គីឡូក្រាម។
លោក សរ វិចិត្រ បានបញ្ជាក់ដែរថា ផ្លែវ៉ាន់នីឡាមានតម្លៃដោយសារវាពិបាកថែទាំ និងប្រមូលផលព្រោះត្រូវការមានអ្នកជំនាញមើលថែទាំចាប់តាំងពីពេលចេញផ្ការហូតដល់បានផ្លែលក់ដោយប្រើរយៈពេលមួយឆ្នាំពេញ។ ចាប់តាំងពីពេលដើម វ៉ាន់នីឡា ចេញផ្ការហូតដល់ផ្លែទុំគឺត្រូវរង់ចាំរហូតដល់រយៈពេល ៧ខែ ហើយក្រោយពេលផ្លែទុំហើយគឺយើងត្រូវយកផ្លែវាទៅហាលថ្ងៃចន្លោះពី ២ម៉ោង និងបន្ទុំវានៅក្នុងស្បៃដែលមានការគ្របជិតល្អក្នុងរយៈពេល ២ ទៅ ៣ខែ រួចហើយយកមកម៉ាស្សាដើម្បីឱ្យផ្លែវាឡើងជាតិប្រេង និងនិយាយជារួមចាប់ពីពេលផ្ការហូតដល់ផ្លែគឺត្រូវប្រើរយៈពេល ១២ខែទើបបានលក់។
ផ្លែវ៉ាន់នីឡា គេអាចយកទៅធ្វើជាសូកូឡា ការ៉េម ចម្រាញ់យកប្រេងធ្វើជាទឹកអប់អាចប្រើជាគ្រឿផ្សំធ្វើនំខួបកំណើតជាដើម។ វ៉ាន់នីឡាជំនួយដល់សុខភាព និងផ្តល់ជាតិប្រូតេអ៊ីនខ្ពស់។
ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅចម្ការ វ៉ាន់នីឡា លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យរៀបចំជាកន្លែងទទួលភ្ញៀវទេសចរដើម្បីឱ្យពួកគេបានសិក្សាអំពីរបៀបដាំ ថែទាំ និងប្រមូលផលក៏ដូចជាដើរកម្សាន្តនៅទីតាំងចម្ការផ្ទាល់ដូចចម្ការម្រេចដែរ។ ពិសេសលោកស្នើសុំឱ្យក្រុមហ៊ុនបើកចិត្តទូលាយជួយបង្ហាញបច្ចេកទេសដល់បងប្អូនប្រជាពលរដ្ឋណាដែលមានបំណងចង់ដាំដំណាំវ៉ាន់នីឡានេះផងដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋាន៕