លោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញបញ្ចុះខណ្ឌសីមា ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តស្វាយកាឡី ស្រុកបាភ្នំ ខេត្តព្រៃវែង

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាពិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តស្វាយកាឡី ស្ថិតនៅភូមិកាឡីត្បូង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា សិរីករុណា បុទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវ កែ សួនសុភី ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្ត មានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍របស់រដ្ឋបាលស្រុកបាភ្នំ អម្បាញ់មិញនេះ បានបង្ហាញឱ្យឃើញនូវសមិទ្ធផលជាច្រើនបានកសាងឡើងនៅក្នុងបាភ្នំនេះទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសំណង់​នានាផងដែរ ក្នុងនោះមាននូវព្រះវិហារដ៏ធំស្កឹមស្កៃដែលនឹងធ្វើពិធីកាត់ឬសសីមានាពេលបន្តិចទៀតនេះក្រោមវត្តមានដ៏ឧត្តុងឧត្តមរបស់លោកជំទាវ កែ​ សួនសុភី ស សុខា ​ផងដែរ។

សមិទ្ធផលដ៏ថ្លៃថ្លានេះគឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការវត្ត​តាំងពីជំនាន់មុនមករួមជាមួយនឹងអាចារ្យគណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត ពុទ្ធបរិស័ទមកពីចំងាយមកពីខេត្តផ្សេងៗ មកពីរាជធានីភ្នំពេញ ជាពិសេសមកពីប្រទេសអូស្ត្រាលី ។ ព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តនេះគឺកើតចេញពីសទ្ធាជ្រះថ្លារបស់យើងទាំងអស់គ្នាដែលជាមហាពុទ្ធសាសនិក​ ពុទ្ធសាសនិកដែលតែងតែរួមចំណែកក្នុងការថែរក្សានូវពុទ្ធសាសនាដែលជាសាសនារបស់ជាតិ។

ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​កន្ល​ង​មក​នេះ ប្រទេសកម្ពុជាក៏ដូចជា​ខេត្តព្រៃវែងមានភាព​រីកចម្រើនលើគ្រប់​វិស័យគួរ​ឱ្យកត់​សម្គាល់។ ទាំងនេះស្តែងឱ្យឃើញ​ពី​ស្ថាន​ភា​ព​ដែលប្រទេសជាតិទទួលបាន​នូវសុខសន្តិភាពតាមរយៈគោល​នយោបាយ​ឈ្នះ-ឈ្នះ របស់រាជ​រដ្ឋា​ភិបា​ល​​​កម្ពុជាដែល​​បានជំរុញ​ឱ្យកម្ពុជាមានឱកាសក្នុងការកសាង និង​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងរូបវ័ន្ត ​និងអរូបវ័ន្តជំរុញការអភិវឌ្ឍន៍​សេដ្ឋ​កិច្ច​រហូតសម្រេចបាន​កំណើនខ្ពស់ក្នុងរយៈពេលជាង២​ទសវត្សនេះ។ ជាមួយនេះ ដោយសារតែការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ការបង្ខិតសេវាទៅដល់ថ្នាក់ឃុំ-សង្កាត់ បានធ្វើឱ្យឃុំ-សង្កាត់មានការរីកចម្រើនដោយពិនិត្យឃើញថាជីវភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងពិសេសនៅជនបទ និងនៅទីប្រជុំជនមានផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ និងផ្លូវលំខ្វែងខ្វាត់បន្ថែមពីដើម្បីរួមចំណែកក្នុងការរក្សាបាននូវការគាំទ្រពីប្រជាពលរដ្ឋ ការរក្សាបាននូវសន្តិសុខមូលដ្ឋាន​បានល្អ​ខ្ញុំសូម​ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជារដ្ឋបាលស្រុក-ឃុំ។

លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំបានឱ្យដឹងថា ព្រះវិហារថ្មីនេះ (បណ្តោយ២១ម៉ែត្រ ទទឹង៩ម៉ែត្រ កម្ពស់២៤ម៉ែត្រ) ខ្លោងទ្វារ៤ទិសជុំវិញព្រះវិហារបានចាក់ដីបំពេញទីធ្លាវត្ត បានកសាងផ្លូវបេតុងព័ទ្ធជុំវិញព្រះវិហារ និងកសាងដងទង់ចំនួន ២ដើម កម្ពស់៣០ម៉ែត្រដោយបានចំណាយសាច់ប្រាក់សរុបចំនួន ៤.២៥២.៤៦៤.០០០ (បួនពាន់ ពីររយហាសិបពីរលាន បួនរយហុកសិបបួនពាន់រៀល) គិតជាប្រាក់ដុល្លារស្មើនឹងចំនួន ១.០៦៣.១១៦ដុល្លា (មួយលាន ហុកសិបបីពាន់ មួយរយដប់ប្រាំមួយដុល្លារសហរដ្ឋអាមេរិច) ដោយបច្ចុប្បន្ននេះ នៅជំពាក់ថ្លៃសម្ភារៈសំណង់ និងថ្លៃឈ្នួលជាងចំនួន ២៨.៥០០ ដុល្លារសហរដ្ឋអាមេរិច។ ក្នុងនោះលោកជំទាវ កែ សួន សុភី ស សុខា បានចេញថ្លៃជំពាក់ជាងទាំងអស់ផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare