ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយកីឡាករទូក”ង” មកពីខេត្តព្រៃវែង
(ព្រៃវែង)៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញជាអធិបតីសំណេះសំណាលជាមួយកីឡាករទូក “ង” មកពីខេត្តព្រៃវែងដែលមកចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះដែលស្ថិតនៅក្នុងបរិវេន វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ផ្តាំផ្ញើដល់កីឡាករប្រណាំងទូកទាំងអស់ត្រូវខិតខំប្រណាំងឱ្យអស់សមត្ថភាព ដើម្បីទទួលបានជ័យជម្នះជូនខេត្ត និងស្រុករបស់ខ្លួន។
ឯកឧត្តម អភិសន្តិបណ្ឌិតបន្ថែមថា សូមឱ្យកីឡាករទូកទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពទទួលទានអាហារឱ្យបានត្រឹមត្រូវដើម្បីបង្ការការពារពីសុខភាពរបស់ខ្លួននៅពេលចាប់ផ្ដើមប្រណាំងកុំឱ្យមានបញ្ហា។
បើយោងតាមរបាយការណ៍របស់លោក ប៉ាវ សុធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាបានឱ្យដឹងថា ទូក”ង” ខេត្តព្រៃវែងដែលមក ចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាថ្ងៃទី១៤ ១៥ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដែលសរុបចំនួន ៥៥ទូក ក្នុងនោះ ទូក”ង” ខ្នាតអន្តរជាតិ (នូវកង ខ្នាតខ្លី) មានចំនួន៣៧ ទូកដែលមានចំណុះពិតចំនួន៨១៤នាក់ និងចំណុះត្រៀមចំនួន២២២នាក់ និងទូក”ង” ខ្នាតវែងមានចំនួន១៨ទូកដែលមានចំណុះពិតចំនួន១៣៤៣នាក់ និងចំណុះត្រៀមចំនួន៤៩២នាក់ សរុបចំណុះទូកទាំង៥៥ទូក មានចំណុះពិតចំនួន ២១៥៧នាក់និងចំណុះត្រៀមចំនួន ៤៩២នាក់សរុបចំណុះទាំងអស់មានចំនួន ២៦៤៩នាក់។
ឯកឧត្តម អភិសន្តិបណ្ឌិត បានឧបត្ថម្ភដល់កីឡាករទូក”ង” មានទូកវែងចំនួន ១៨ទូក ក្នុងមួយទូកទទួលបានថវិកា ២លានរៀល ទូកអន្តរជាតិចំនួន ៣៧ ទូកក្នុងមួយទូកទទួលបានថវិកា ១លានរៀល អនុគណៈកម្មការបច្ចេកទេសគ្រប់គ្រងទទួលបានថវិកា ៤ លានរៀល គណៈកម្មការសន្តិសុខសណ្ដាប់ធ្នាប់ ៦លានរៀល គណៈកម្មការបរិស្ថាន និងសុខាភិបាលចំនួន ៤លានរៀល អនុគណៈកម្មការហិរញ្ញវត្ថុ ៥លានរៀល នាយកសាលា ជា ស៊ីម ជ្រោយចង្វារទទួលបានអង្គការ ៥០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ៕