ឯកឧត្តម វ៉ី សំណាង ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន តាណុង ឌីវេឡុបមែន គ្រុប (Danong Development Group) គម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ
នៅព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group អំពីគម្រោងវិនិយោគលើវិស័យកសិកម្ម នៅខេត្តតាកែវ ។
លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong Development Group បានជម្រាបជូនអំពីគោលបំណង និងទិសដៅនៃគម្រោងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលក្នុងនោះក្រុមហ៊ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងវិនិយោគនៅក្នុងខេត្តតាកែវ ដែលជាខេត្តដ៏មានសក្តានុពលមួយលើវិស័យកម្ម នៅក្នុងចំណោមបណ្ដាខេត្តផ្សេងៗ របស់ប្រទេសកម្ពុជា។
លោកប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម ០៤ប្រភេទរួមមាន៖
១/. ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ
២/. ការបង្កាត់ពូជនិងដាំពោត
៣/. ការដាំដុះដំឡូងមី
៤/. ការចិញ្ចឹមជ្រូក និងគោ។
សមាសធាតុសំខាន់ៗទាំងនេះនឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំដោយរួមបញ្ចូលនូវគ្រឿងបរិក្ខាកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រឌិតខ្ពស់។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តបានសម្ដែងការសាទរ និងស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ ក្រុមហ៊ុន Danong Development Group ដែលជាក្រុមហ៊ុនមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិនមានគំរោងវិនិយោគទុនលើវិស័យកសិកម្ម នៅខេត្តតាកែវ។ ឯកឧត្តមអភិបាល បន្តថា ប្រសិនបើបានក្រុមហ៊ុន Danong Development Group មកចូលរួម ចែករំលែកបទពិសោធន៍ បច្ចេកទេស ធនធាន ដល់ប្រជាកសិករ នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដហើយពេលនោះ ប្រទេសកម្ពុជា នឹងក្លាយជាគំរូនៃការអភិវឌ្ឍន៍កសិឧស្សាហកម្ម៕