រដ្ឋបាលខេត្តព្រៃវែងបានបូកសរុបលទ្ធផលក្នុងវេទិកាថ្នាក់ខេត្ត ស្តីអំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០
(ព្រៃវែង)៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រៃវែង។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តបានលើកឡើងថា អង្គវេទិកាទាំងមូលដែលបានដំណើររយៈពេល២ថ្ងៃនេះ ប្រកបដោយផ្លែផ្កា និងផុលផុសបំផុតពិសេសការធ្វើបទអន្តរាគមន៍ដែលបានបង្ហាញអំពីសមិទ្ធផល បទពិសោធន៍ល្អៗក្នុងដោះស្រាយបញ្ហាប្រឈម និងទិសដៅការងារដើម្បីឱ្យអង្គវេទិកាយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ឯកឧត្ដមអភិបាលខេត្ត សូមកោតសរសើរដោយស្មោះចំពោះការយកចិត្តទុកដាក់ការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរ អង្គភាព និងរដ្ឋបាលគ្រប់ថ្នាក់ក្នុងរយៈពេលកន្លងទៅនេះដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានធ្វើឱ្យខេត្តព្រៃវែងមានការរីកចម្រើនជាលំដាប់ និងដោះស្រាយបានបញ្ហាប្រឈមនានា និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានធ្វើឱ្យប្រទេសជាតិមានការវិវត្តន៍រីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។
ឯកឧត្ដមអភិបាលខេត្តបន្តថា វេទិកានេះមានគោលបំណងពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលដែលមានក្រសួងស្ថាប័នថ្នាក់ជាតិជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ ការដាក់ចេញនូវការតម្រង់ទិសផ្នែកលើគោលនយោបាយសម្រាប់សម្រួចការ អនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះគឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងស្វាហាប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ថា វេទិកានេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវសមិទ្ធផល និងលទ្ធផលយ៉ាងច្រើនដែលរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បានអនុវត្តក្នុងរយៈពេល៣ឆ្នាំនេះដែលបានបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុតក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្ដមប្រធានក្រុមប្រឹក្សាបន្ថែមថា តាមរយៈការធ្វើបទអន្តរាគមន៍របស់រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក និងមន្ទីរអង្គភាពជំនាញកន្លងមកនេះជាវឌ្ឍនភាពដ៏សំខាន់ៗសម្រាប់បង្ហាញជូនដល់សាធារណៈជន និងអ្នកពាក់ព័ន្ធទាំងអស់បានជ្រាបនូវការអនុវត្តការងាររយៈ៣ឆ្នាំដែលផ្តោតសំខាន់ក្នុងការយកចិត្តទុកដាក់អនុវត្តការងាររួមមាន៖
១.ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
២.ការងារការផ្តល់សេវារដ្ឋបាល។
៣.ការងារការផ្តល់សេវាសង្គម។
៤.ការងារការចុះបញ្ជីអត្រានុកូលដ្ឋាន។
៥.ការងារការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តខេត្ត។
៦.ការងារការធ្វើគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
៧.ការងារការធ្វើវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត។
៨.ការងារការធ្វើវេទិការបស់ក្រុមការងាររាជរដ្ឋាភិបាល។
៩.ការងារការទទួល និងឆ្លើយតបមតិយោបល់ ឫបណ្តឹងតវ៉ាពីប្រជាពលរដ្ឋ។
១០.ការងារការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលា។
គួរបញ្ជាក់ផងដែរថា អង្គវេទិកាបានចូលរួមគ្នាដោះស្រាយបញ្ហាប្រឈម សំណើរសំណូមពរមានចំនួន៦២ករណី ចំពោះបញ្ហាប្រឈមសំណើសំណូមពរដោះស្រាយបាន៦០ករណី នៅសល់២ករណីដែលវេទិកាពុំអាចដោះស្រាយបានដែលលើសពីសមត្ថកិច្ចខេត្ត និងពាក់ព័ន្ធនឹងអន្តរស្ថាប័ន រដ្ឋបាលខេត្តនឹងស្នើទៅវេទិកាថ្នាក់ជាតិដើម្បីសម្របសម្រួលនិងដោះដ្រាយបន្ត៕