មន្ទីរបរិស្ថានខេត្តកំពង់ចាមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា ការពារកុំឱ្យមានការបំពុលខ្យល់

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមបានថ្លែងថា ការប្រើប្រាស់យានយន្តដោយប្រេងម៉ាស៊ូតពីចំហេះឥន្ធនៈ ភ្លើងឆេះព្រៃ ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់គឺសុទ្ធសឹងតែបំពុលខ្យល់ និងមានសភាពកើនឡើងជាបន្តទៀតនាឆ្នាំបន្តបន្ទាប់ដូច្នេះ ចាំបាច់ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដើម្បីរួមគ្នាការពារ កុំឱ្យមានការបំពុលខ្យល់លើអាកាសដែលជាហានិភ័យដល់សុខភាពរបស់មនុស្សលើភពផែនដី។

លោក នួន គង់សល្យ បានបន្តថា ជាការកត់សម្គាល់ប្រភព និងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យកំហាប់ភាគល្អិតនិចល PM ២.៥ មានការកើនឡើងនេះមានជាអាទិ៍ ការបញ្ចេញផ្សែងពីរោងចក្រឧស្សហកម្មពីយានយន្តប្រើប្រាស់ប្រេងម៉ាស៊ូត និងពីចំហេះឥន្ធនៈផ្សេងៗទៀត ភ្លើងឆេះព្រៃ ការដុតរានដីព្រៃ ការដុតវាលស្មៅ ការដុតគល់កញ្ច្រាំងស្រូវ ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់។ ការបំពុលខ្យល់នឹងមានសភាពកើនឡើងជាបន្តទៀតនាឆ្នាំបន្តបន្ទាប់ ប្រសិនបើមិនមានវិធានការគ្រប់គ្រងឱ្យបានសមស្រប។

លោកប្រធានបញ្ជាក់ថា ដើម្បីគ្រប់គ្រងទីតាំងប្រភពបំពុលខ្យល់ឱ្យបានកាន់តែប្រសើរ សំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសោភណ្ឌភាពក្នុងខេត្តកំពង់ចាមក្នុងនាមមន្ទីរបរិស្ថានដែលជាសេនាធិការឱ្យក្រសួងបរិស្ថាននឹងចុះអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖
-មន្ទីរបរិស្ថាននឹងសហការជាមួយក្រសួងបរិស្ថានដើម្បីតម្លើងឧបករណ៍អង្កេតតាមដាន និងត្រួតពិនិត្យគុណភាពខ្យល់នៅតាមខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
-មន្ទីរបរិស្ថានបន្តរៀបចំផែនការសកម្មភាពដើម្បីបង្កើតប្រព័ន្ធតាមដាននិងព្រមានទុកជាមុនសម្រាប់ការបំពុលខ្យល់ធ្ងន់ធ្ងរ និងផ្សព្វផ្សាយជូនដល់សាធារណជនឱ្យទាន់ពេលវេលាដើម្បីត្រៀមខ្លួនក្នុងការទប់ស្កាត់ទៅនឹងហានិភ័យផ្សេងៗដល់សុខភាព។
-ក្នុងករណីតំបន់ណាមួយត្រូវបានទទួលរងនូវការបំពុលខ្យល់ធ្ងន់ធ្ងរ មន្ទីរបរិស្ថាននឹងសហការជាមួយក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិនឹងចាត់វិធានការជាបន្ទាន់ដើម្បីស្ដារស្ថានភាពនៃការបំពុលខ្យល់ក្នុងតំបន់ឱ្យបានប្រសើរឡើងវិញ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare