រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ ២០២៤ នេះបានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤) និងទិវាកំណើត កងយោធពលខេមរភូមិន្ទ។

ពិធីនេះប្រារព្ធឡើងនៅបរិវេណវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាមក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តដោយមានការចូល ពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមយ៉ាងច្រើនកុះករ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទនាពេលនេះបានឆ្លុះបញ្ចាំងពីជោគជ័យក្នុងកម្លាំងមហាសាមគ្គី របស់ប្រជាជាតិខ្មែរយើងទាំងមូលដែលបានឆ្លងកាត់ពីដំណាក់កាលមួយទៅដំណាក់កាលមួយប្រកបដោយភាពបត់បែននៃដំណើរប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាច្រើនជាពិសេស ឆ្លងកាត់រយៈពេល ៧១ឆ្នាំកន្លងមក រហូតដល់បច្ចុប្បន្ននេះគឺនៅតែរក្សាបាននូវអត្តសញ្ញាណជាកម្លាំងប្រដាប់អាវុធរបស់ជាតិកម្ពុជា ជាកងយោធពលខេមរភូមិន្ទដ៏អង់អាចក្លាហានដែលប្រសូត្រចេញពីប្រជាជនដើម្បីប្រជាជន និងឆ្លើយតបទៅនឹងសំណូមពរនៃការតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនអ្វីៗទាំងអស់ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជាជាដរាបតរៀងមក និងយូរអង្វែងផងដែរ។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាប្រជារាស្ត្រខ្មែរតែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញញាណដ៏ឈ្លាសវៃដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិ។

ព្រះអង្គបានបង្រួបបង្រួមអ្នកនយោបាយដែលបានបែកបាក់គ្នា ឬមាននិន្នាការនយោបាយផ្សេងៗគ្នាឱ្យរួបរួមគ្នាវិញបានប្រឹងប្រែងបម្រើប្រជាជនអស់ពីកម្លាំងកាយចិត្ត និងបានស្ថាបនាសង្គមរាស្ត្រនិយមដែលជាស្នាព្រះហស្ថដ៏មានតម្លៃពុំឤចកាត់ថ្លៃបាន ជាពិសេសព្រះអង្គបានត្រួសត្រាយមាគ៌ាសន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍សម្រាប់សង្គមជាតិខ្មែរទាំងមូលដែលទូលព្រះបង្គំខ្ញុំ ជាកូនចៅ ចៅទួតរបស់ព្រះអង្គតែងតែដង្ហែតាមមាគ៌ាដ៏ថ្លៃថ្លានេះជារៀងរហូតមក។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare