រុស្ស៊ីប្រកាសជួយស៊ើបអង្កេតករណីធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសអ៊ីរ៉ង់
(បរទេស)៖ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergei Shoigu បានប្រកាសថា ទីក្រុងម៉ូស្កូលនឹងផ្តល់ជំនួយក្នុងការស៊ើបអង្កេតក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសអ៊ីរ៉ង់ដែលបណ្តាលឱ្យលោក Ebrahim Raisi ប្រធានាធិបតីបានបាត់បង់ជីវិត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានចុះផ្សាយនារាត្រីថ្ងៃទី២០ ខែឧសភា ឆ្នៃ២០២៤នេះ។
សារព័ត៌មានដដែលបានបន្ថែមថា ភ្លាមៗនោះ លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ីក៏បានសម្តែងនូវមរណទុក្ខជូនចំពោះមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ចំពោះការបាត់បង់ជីវិតលោក Ebrahim Raisi ផងដែរ។
សូមបញ្ជាក់ជូនថា លោក Ebrahim Raisi ប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian ព្រមទាំងមន្រ្តីមួយចំនួនទៀតបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យ ទី១៩ ខែឧសភានេះ។
ភ្លាមៗនោះ ក្រោយពីលោក Hossein Amir-Abdollahian បានបាត់បង់ជីវិត ជាមួយប្រធានាធិបតី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកដឹកនាំកិច្ចចរចាបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ លោក Ali Bagheri ក៏ត្រូវបានតែងតាំងឱ្យធ្វើជាប្រមុខការទូតស្តីទីនាថ្ងៃចន្ទនេះ៕