Update៖ មនុស្ស ១៤៩ នាក់បានស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅកូរ៉េខាងត្បូង
(សេអ៊ូល)៖ នាយកដ្ឋានសង្គ្រោះគ្រាអាសន្ន និងពន្លត់អគ្គីភ័យក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៤៩ នាក់បានស្លាប់ និង ៧៦ នាក់បានរងរបួសក្នុងនោះ ១៩ នាក់របួសធ្ងន់ ដោយសារហេតុការណ៍ហ្វូងមនុស្សរត់ជាន់គ្នាអំឡុងពេលពិធីបុណ្យ Halloween កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ម្សិលមិញ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សំដីសាក្សីម្នាក់ថា តំបន់នេះមានការជួបជុំហ្វូងមនុស្សកកកុញយ៉ាងខ្លាំងដែលធ្វើឱ្យក្រុមអ្នកជួយសង្គ្រោះពិបាកចូលទៅដល់ដើម្បីជួយសង្គ្រោះជនរងគ្រោះភ្លាមៗទាន់ពេល ។
យោងតាមសារព័ត៌មាន Korea Herald បានចុះផ្សាយថា មនុស្សប្រហែល ១០ម៉ឺននាក់បានសម្រុកទៅតំបន់នោះពេញមួយថ្ងៃដើម្បីប្រារព្ធពិធីបុណ្យ Halloween ដោយគ្មានពាក់ម៉ាស់ការពារកូវីដ-១៩ ។ គេមិនដឹងច្បាស់ថា ការកកស្ទះហ្វូងមនុស្សគៀបសង្កត់ជាន់លើគ្នានេះ កើតឡើងដោយសារអ្វីទេ ។ ខណៈដែលអភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានលុបចោលការធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុបហើយបានសម្រេចចិត្តត្រឡប់ទៅទីក្រុងសេអ៊ូលវិញ ៕