លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការបក្សខេត្ត បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ដល់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត នៅទីស្នាក់ការគណបក្សខេត្ត ។ ក្រោយពីលោក ស៊ុន យី ប្រធានមន្ទីរគណបក្សខេត្តអានសេចក្តីជូនដំណឹងស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ រួចមក លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សខេត្តបានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានអនុវត្តនូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិតាមរយៈគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាត្រូវបានស្ថាបនាឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិដោយយកចិត្តទុកដាក់បម្រើនិងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិឱ្យមានភាពរីកចម្រើន ។
លោកជំទាវប្រធានបានផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត តាមផែននីមួយៗ ទាំងអស់ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើងដោយប្រកាន់ខ្ជាប់នូវគុណធម៌ សច្ចៈធម៌ មានការទទួលខុសត្រូវ មានស្មារតី សាមគ្គីភាព ឯកភាព ហើយត្រូវពិនិត្យតាមដានការរស់នៅនិងយល់ដឹងពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យបានជាប់ជាប្រចាំ ហើយត្រូវបង្កើនសមត្ថភាព លទ្ធភាព សុខភាពនិងប្រជាប្រិយភាពដែលជាគោលការសំខាន់របស់យុវជនគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវបន្តរក្សានូវភាពឈ្នះ ឈ្នះ ឲ្យបានគង់វង្សតាមរយៈការយកចិត្តទុកដាក់ខ្ពស់លើការងារដែលខ្លួនទទួលខុសត្រូវជាពិសេសត្រូវអនុវត្តឱ្យបានតាមសេចក្តីសម្រេចស្តីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២» ប្រកបដោយភាពជោគជ័យ ហើយជាមួយគ្នានេះដែរត្រូវសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តតាមការណែនាំរបសរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារនិងវិធានការនានារបស់ក្រសួងសុខាភិបាល ដោយលាងដៃនឹងសាប៊ូ ទឹកអាល់កុល ឬជែល ត្រូវពាក់ម៉ាស់ជាប់ជានិច្ចរាល់ពេលចេញទៅក្រៅ និងរក្សាគម្លាតសុវត្ថិភាពផងដែរ ៕



WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare