ក្រុមឆរបោកដែលអះអាងថាខ្លួនជាតំណាងក្រុមហ៊ុនឯកជន ហើយលក់ដីខ្យល់ឲ្យពលរដ្ឋ ពេលនេះតុលាការកំពុងបន្តនីតិវិធីហើយ

ក្រុមឆរបោកដែលអះអាងថាខ្លួនជាតំណាងក្រុមហ៊ុនឯកជន ហើយលក់ដីខ្យល់ឲ្យពលរដ្ឋ ពេលនេះតុលាការកំពុងបន្តនីតិវិធីហើយ

ខេត្តបាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍ថា នៅព្រឹកព្រហស្បតិ៍ ០៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩នេះ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កំពុងធ្វើការសាកសួរលើបុគ្គលិកក្រុមហ៊ុនដែលមានឈ្មោះថា<<ហង្ស ម្ចាស់ដី .ឋានព្រះឥន្ទផាតធី>> ចំនួន៣នាក់នៅ ដែលកម្លាំងនគរបាល បានឃាត់ខ្លួនពួកគេ កាលពីរសៀលថ្ងៃទី០៧ ឧសភា កន្លងទៅថ្មីនេះនៅក្រុងបាត់ដំបង ពីបទ«ឆបោក» (លក់ដីខ្យល់)ឲ្យពលរដ្ឋ ។

យោងតាមរាយការណ៏បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នោះមាន ១,ឈ្មោះឈី ចរិយា អាយុ៣២ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខ័ណ្ឌច្បារមន រាជធានីភ្នំពេញ ជាប្រធានក្រុមហ៊ុន«ហង្ស ម្ចាស់ដី» ដែលទើបស្នងដំណែងពីឪពុក ២,ឈ្មោះឈិត រតនា អាយុ៣៧ឆ្នាំ នៅភូមិបោះពោធិ៏ ឃុំអូរតំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ជាបុគ្គលិកក្រុមហ៊ុន ដែលបំរើការនៅការិយាល័យសាខានៅបាត់ដំបង និង៣,ឈ្មោះជឺ ចិន្តា អាយុ៤៧ឆ្នាំ ជាបុគ្គលិកបំរើការនៅការិយាល័យសាខាខេត្តបាត់ដំបង ។ ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានកម្លាំងអធិការក្រុងបាត់ដំបង ដែលមានកិច្ចសហការពីកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តផង បានធ្វើការស្រាវជ្រាវឃាត់ខ្លួន បន្ទាប់ពីមានការប្ដឹងចោទប្រកាន់ក្នុងអំពើ«ឆបោក» ក្នុងសំណុំរឿងដីធ្លីមួុយនេះ ។

លោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាំឲ្យ rssk-news ដឹងថាសង្ស័យទាំង៣នាក់នេះ បានបង្កើតសាខាក្រុមហ៊ុនរបស់ខ្លួនមួយដែលមានឈ្មោះ«ឋានព្រះឥន្ទ» ដែលមានស្នាក់ការនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើសកម្មភាពអំពាវនាវលក់ដីធ្លី ដែលក្រុមនេះអះអាងថា ជាប្រភេទដីចំការនៅតាមបណ្ដាខេត្តនានា ក្នុងប្រទេស។ ប៉ុន្តែប្រធានក្រុមហ៊ុននេះ និងបុគ្គលិក២នាក់ទៀត ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីអតិថិជនរបស់ខ្លួនប្ដឹងចោទប្រកាន់ពីបទ«ឆបោក» ម្យ៉ាងទៀតក្រុមហ៊ុននេះលក់ដីចំការឲ្យពួកគេ ដែលជាដីគ្មានទីតាំងពិតប្រកដ(ពោលគឺដីខ្យល់)។

ដូចនៅក្នុងកំណត់ហេតុ ជនរងគ្រោះដែលទិញ«ដីខ្យល់»ពីក្រុមហ៊ុន«ហង្ស ម្ចាស់ដី» ម្នាក់ឈ្មោះវិញ វ៉ាន់ បាននិយាយថា ក្រុមហ៊ុននេះ បានអំពាវនាវលក់ដីចំការដែលមានដំណាំដូងក្រអូបក្នុងតម្លៃគួរឲ្យចាប់អារម្មណ៏ ដែលមានទីតាំងនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ គាត់និយាយទៀតថា មុនពេលទិញគាត់ក៏បានទៅពិនិត្យមើលទីតាំងដីនោះជាមួយបុគ្គលិកក្រុមហ៊ុន ហើយបាឃើញទីតាំងដីចំការនោះមែន ដែលមានព្រៃខ្លះនិងដំណាំដូងក្រអូបខ្លះ។ ក្រោយពីបានឃើញគាត់ក៏បានចចារទិញចំនួន២ហិចតា ក្នុងតម្លៃ២៨,០០០ដុល្លា តែក្រុមហ៊ុនតម្រូវឲ្យបង់លុយលើកដំបូងចំនួន២,៥០០ដុល្លា ហើយគាត់ក៏បានបង់តាមលក្ខខ័ក្ខរបស់ក្រុមហ៊ុនដែរ។ លុះនៅក្នុងខែមេសា ២០១៩ ក្រុមហ៊ុនបានតម្រូវឲ្យបង់លុយផ្ដាច់ចំនួន២៥,០០០ដុល្លាទៀត តែគាត់មិនទាន់យកលុយទៅបង់ទេ ដោយរងចាំទៅពិនិត្យមើលទីតាំងដីនោះម្ដងទៀត ប៉ុន្តែក្រោយពីបានទៅពិនិត្យជាថ្មី ស្រាប់តែបែកធ្លាយព័ត៏មានថា «ដីចំការដូងនោះក្រុមហ៊ុនខាងលើនេះ មិនទាន់មានសិទ្ធកាន់កាប់ឬលក់ដូរឡើយ» ទើបខ្លួនដាក់ពាក្យប្ដឹងតែម្ដង។ ដោយឡែកអតិថិជនដទៃទៀតក៏បានផ្ដល់ចំលើយនៅក្នុងបណ្ដឹងដូចគ្នានិងជនរងគ្រោះខាងលើនេះដែរ។

គេនូវមិនទាន់ទទួុលបានចម្លើយបំភ្លឺជាក់លាក់ណាមួុយអោយពិតប្រាកដពីខាងក្រុមហ៊ុន«ហង្ស ម្ចាស់ដី» ខាងលើនេះឡើយទេ ។ ប៉ុន្តែបើតាមចម្លើយសង្ខេបរបស់ឈ្មោះឈី ចរិយា ប្រធានក្រុមហ៊ុននេះ បានអោយសមត្ថកិច្ចដឹងថា ឪពុករបស់ខ្លួនឈ្មោះឈី ហែម អាយុ៦៥ឆ្នាំ ទើបផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុននេះ មកឲ្យខ្លួនកាលពីថ្ងៃទី០៧ ឧសភា ឆ្នាំ២០១៩។ បើតាមអ្វីដែលខ្លួនបានដឹង គឺក្រុមហ៊ុនខ្លួនមានដីចំការដែលមានដំណាំដូងក្រអូប ទុរ៉េន ដំណាំប័រ សម្រាប់លក់ ក្នុងតំលៃចាប់ពី១៤,០០០ដុល្លា ដល់២០,០០០ដុល្លា ក្នុង១ហិចតាដែលអតិថិជនអាចទិញបង់រំលស់។ លោកឈី ចរិយា បានបញ្ជាក់ដែរថា ក្រុមហ៊ុនខ្លួនមានទីតាំងធំនៅរាជធានីភ្នំពេញ ហើយមានបើកសាខា នៅខេត្តកំពត ខេត្តពោធិសាត់ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តបាត់ដំបង ដោយមានច្បាប់អនុញាតិត្រិមត្រូវពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ និងក្រសួងកសិកម្មផងដែរ ។

ប៉ុន្តែបើទោះបីក្រុមហ៊ុនខាងលើ អះអាងថា មានទីតាំងក្រុមហ៊ុនពិតប្រាកដ និងមានដីចំការរាប់ពាន់ហិចតា នៅតាមបណ្ដាខេត្តដូចការអះអាងខាងលើនេះក្តិី តែរហូតមកពេលនេះ ឈ្មោះឈី ចរិយា ដែលអះអាងថា ជាប្រធានក្រុមហ៊ុនលក់ដីធ្លីនេះ មិនទាន់បង្ហាញលិខិតបទដ្ឋាននានា ក្រុមហ៊ុន ឬ ឯកសារជាក់លាក់ណាមួយដែលពាក់ព័ន្ធនឹងការកាន់កាប់ដីរបស់ក្រុមហ៊ុនដោយស្របច្បាប់ត្រង់ចំណុចណាមួយ ឬ នៅក្នុងខេត្តណាមួយនៅឡើយទេជូនស្ថាប័នច្បាប់បានឃើញនៅឡើយទេ ។ បើទោះបី តំណាងក្រុមហ៊ុននេះគឺឈ្មោះឈី ចរិយា បានអះអាងប្រាប់សមត្ថកិច្ចថា ក្រុមហ៊ុនខ្លួនមានដីចំការនៅ ខេត្តកំពតចំនួន១៣,០០០ហិចតា នៅខេត្តពោធិសាត់ចំនួន៤០០ហិចតា នៅខេត្តសៀមរាប ចំនួន១,០០០ហិចតា និងនៅខេត្តមណ្ឌលគិរី មានចំនួន២,០០០ហិចតា ខណៈនៅខេត្តបាត់ដំបង ក្តី ។
បច្ចុប្បន្នត្រូវកម្លាំងនគរបាលខេត្ត បញ្ជូនក្រុមលក់ដីខ្យល់ទាំង៣នាក់នេះទៅកាន់សាលាដំបូងខេត្ត ហើយដើម្បីចាត់ការតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។