អាជ្ញាធរខេត្តមានការព្រួយបារម្ម ចំពោះការឆ្លងកូវីដ១៩ ល្បែងស៊ីសងជល់មាន់ ចាក់អាប៉ោងនៅស្រុកអូរជុំនៅតែបន្តយ៉ាង គគ្រឹកគគ្រេង

ខេត្តរតនគិរី ៖ បើទោះជាមានការហាមប្រាម រិតបណ្ដឹងពីឯកឧត្ដមអភិបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល កូវីដ១៩ នូវការជួបជុំគ្នាយ៉ាងណាក៏ដោយ ស្រុកអូរជុំ នៅតែបន្តការលេងល្បែងស៊ីសង បញ្ជល់មាន់យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមូលដ្ឋាន ហាក់មិនគោរពតាមបទបញ្ជាគណៈបញ្ជាការឯកភាពខេត្តឡើយ។
ជាការពិតណាស់ នៅថ្ងៃទី 8 ខែមេសា ឆ្នាំ២០២១ ទីតាំងបញ្ជល់មាន់ និងអាប៉ោង មួយកន្លែងស្ថិតក្នុងភូមិណងឡិ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ត្រង់ចំណុចចំការចន្ទី ត្រូវបានអ្នកព័ត៌មានយើងចុះថតយករូបភាព ហើយរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ប៉ុន្តែ បែជាអ្នកលេងល្បែងទាំងនោះ ហាក់មានញៀនពិសេសដឹងភ្លាមៗ នាំគ្នាបំបែកហ្វូង មិនបាច់ចាំសមត្ថកិច្ចចុះទៅដល់នាំពិបាកនោះទេ។ ហើយមេក្លោងបើកកន្លែងបញ្ជល់មាន់ និងចាក់អាប៉ោងនោះ ត្រូវបានគេឈ្មោះ. ពិសី. ជាមន្ត្រីនគរបាល នៅស្នងការនគរបាលខេត្តរតនគិរី និងឈ្មោះ បារាំង។
បើយោងតាមសេចក្ដីរាយការពីប្រជាពលរដ្ឋក្នុងស្រុកអូរជុំ បានឲ្យដឹងថា ក្នុងស្រុកអូរជុំ គេតែងតែឃើញអ្នកលេងល្បែងជល់មាន់ លេងជារាងរាល់ថ្ងៃ ច្រើនខែមកហើយ។ ពួកគេតែងតែបំលាស់ទីជាច្រើនកន្លែងក្នុងស្រុកអូរជុំ ហើយមានមនុស្សអូរអច្រើនណាស់ មិនមែនសមត្ថកិច្ចមិនដឹងនោះទេ។ ពួកគាត់បន្តទៀតថា កុំថាសមត្ថកិច្ចគេមិនដឹងនោះ គេថែមទាំងស្គាល់ថា មេក្លោងបើកសង្វៀនជល់មាន់នោះជាអ្នកណាទៀតផង។
ចាប់តាំងពីមានការផ្ទុះរីករាលដាល នូវជំងឺ កូវីដ១៩ ក្នុងសហគមន៍ ២០កម្ភៈ មក អាជ្ញាធរខេត្ត ដែលមានឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី បានខិតខំយកចិត្តទុកដាក់ ឲ្យអាជ្ញាធរមូលដ្ឋានពង្រឹងការយកចិត្តទុកដាក់ ហាមប្រាមកុំឲ្យមានការជួបជុំគ្នា រក្សាគម្លាត ពាក់ម៉ាស់ជាប្រចាំ លៀងដៃជាមួយអាកុល តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស ៣កុំ ៣ការពារ មិនត្រឹមតែប៉ណ្ណោះ រដ្ឋបាលខេត្តក៏បានចេញសេចក្ដីណែនាំ ស្ដីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកាសជាសាធារណៈ ជូនដល់សាធារណៈជន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ភូមិស្រុក ក្រុង នៅទូទាំងខេត្ត ជាពិសេស ការជួបជុំ ប្រមូលផ្ដុំគ្នា គ្រប់កម្មវិធី តែផ្ទុយទៅវិញ នៅស្រុកអូរជុំ ខេត្តរតនគិរី គេសង្កេតឃើញល្បែងបញ្ជល់មាន់ ចាក់អាប៉ោងជួបជុំគ្នាយ៉ាងគគ្រឹក គគ្រេង ចំណែកសមត្ថកិច្ច ស្រុកអូរជុំ និងអាជ្ញាធរស្រុក បែជាមិនដឹងមិនលឺ ហាក់មានចេតនាផ្កើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងមហាផ្ទៃ ពិសេសគឺបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តររនគិរីតែម្តង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare