ទីតាំងសង្វៀនបញ្ជល់មាន់ដ៍ធំកំពុងកើតឡើងយ៉ាងគក្រើក ប៉ុន្តែអាជ្ញាធរខេត្តត្បូងឃ្មុំនៅតែស្ងៀមស្ងាត់បិទភ្នែកធ្វើមិនដឹង(មាន Video)

(ក្បូងឃ្មុំ) =ប្រភពថ្មីៗពីប្រជាពលរដ្ឋរស់នៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុក​ពញាក្រែក ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នការស៊ីណូ២កន្លែងក្នុងមូលដ្ឋានពួកគាត់នៅតែបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ បៀអាប៉ោងយូគី យ៉ាងពពាក់ពពូនទាំងបំពានច្បាប់។

ចំណែកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បែរ​ជារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការទប់ស្កាត់ល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាលនោះទេ។​

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវយ៉ាងទទូចឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យទៅលើភាពអសកម្មរបស់អភិបាលខេត្តត្បូងឃ្មុំ និងស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាបន្ទាន់។​


តាមការកត់សម្គាល់របស់ប្រជាពលរដ្ឋក្នុងឃុំកក់ ស្រុកពញាក្រែក បានឲ្យដឹងថា ម្ចាស់កាស៊ីណូ២កន្លែងក្នុងមូលដ្ឋានពួកគាត់ទំនងមានខ្នងបង្អែករឹងមាំទើបហ៊ានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ។

ប្រជាពលរដ្ឋបានលើកឡើងថា ដោយសារកាស៊ីណូ២កន្លែងនោះហើយទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្ម បទល្មើសគ្រឿងញៀន​ និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។

ដោយហេតុថា លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ​ក៏ដូចជាលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សម្ងំស្ងៀមទុកឲ្យម្ចាស់កាស៊ីណូ២កន្លែងក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ធ្វើអ្វីៗតាមអំពើចិត្ត។

ចំណែកប្រភពពីប្រជាពលរដ្ឋក្នុងភូមិថា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏បានឲ្យដឹងដែរថា ម្ចាស់កាស៊ីណូនៅច្រកដា បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពពាក់ពពូនគ្មានញញើតអ្វីឡើយ ដោយសារអាងមានខ្នងបង្អែករឹងមាំ។

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់បញ្ហានេះផង។

ព្រោះម្ចាស់កាស៊ីណូនៅច្រកដា ស្រុកមេមត់ បើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងបំពានច្បាប់យ៉ាងគឃ្លើន។

ប្រភពខ្លះបានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅ​ច្រកដា ឃុំដា ស្រុកមេមត់ ក៏ដូចជាម្ចាស់កាស៊ីណូ២កន្លែងក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ជាប្រភពចំណូលរបស់មន្ត្រីធំៗមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ​ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងរលូនដោយសុខស្រួល!៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare