រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តព្រះវិហារលើកទឹកចិត្តមន្ត្រីព័ត៌មានផលិតមាតិកាព័ត៌មានល្អ មានខ្លឹមសារឱ្យកាន់តែសម្បូរបែប និងរួមគ្នាបន្សាបព័ត៌មានក្លែងក្លាយ

វិស័យសារព័ត៌មានគឺជាអំណាចទី៤ បើយើងប្រើប្រាស់ត្រឹមត្រូវ វិស័យព័ត៌មានមានសារសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

ជាមួយគ្នានឹងសារសំខាន់របស់វិស័យព័ត៌មាននេះត្រូវបានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តឱ្យមន្ត្រីនៃមន្ទីរព័ត៌មានក្នុងខេត្តព្រះវិហារពង្រឹងការផលិតព័ត៌មាន បង្កើតមាតិកា និងបង្កើតមុមសរសេរព័ត៌មានល្អ មានខ្លឹមសារ ឱ្យកាន់តែសម្បូរបែបសម្រាប់ទាក់ទាញអ្នកទេសចរឱ្យទៅលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្តដើម្បីគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្នុងតំបន់ទេសចរណ៍។

ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណៈមតិនៅក្នុងខេត្តព្រះវិហារត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណៈមតិ គ្រប់គ្រងព័ត៌មាន និងសាធារណៈមតិដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ និងផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលរួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។

ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាមន្ត្រីព័ត៌មានមិនមែនគ្រាន់តែប្រមូល និងផ្សព្វផ្សាយព័ត៌មាននោះទេហើយក៏មិនមែនត្រឹមតែទៅយកព័ត៌មានហើយផ្សាយព័ត៌មាននោះដែរប៉ុន្តែត្រូវតែចេះគិតពីយុទ្ធសាស្រ្ត និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសជាតិ និងកិច្ចការងារព័ត៌មាន និងសាធារណមតិព្រោះក្នុងបរិបទបច្ចុប្បន្ន ការងារសាធារណមតិកាន់តែស្រួចស្រាលហើយក្រុមជនអគតិក៏បានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយក្លែងក្លាយ និងមានចរិតបំភ្លៃ បំផ្លើស និងបំភ័ន្តកាន់តែច្រើនដែលចាំបាច់គ្នាត្រូវរួមសាមគ្គីគ្នាក្នុងការផ្សព្វផ្សាយពីការពិតជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា តួនាទីរបស់មន្ទីរព័ត៌មានជាជំនួយការដល់គណៈបញ្ជាការឯកភាពខេត្ត រាជធានីហើយកិច្ចការងារសាធារណៈមតិ និងកិច្ចការងារព័ត៌មានគឺពឹងផ្អែកលើមន្ត្រីនៃមន្ទីរព័ត៌មាន ដែលប្រការនេះហើយទាមទារឱ្យមានការពង្រឹងសមត្ថភាព ចំណេះជំនាញឱ្យបានកាន់រឹងមាំបន្ថែមទៀតហើយខិតខំកែច្នៃទៅលើអ្វីដែលមានដើម្បីបង្កើននូវប្រសិទ្ធិភាពការងារព័ត៌មាន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលសំខាន់គឺត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយទើបអាចគ្រប់គ្រងព័ត៌មានបាន។ ដូច្នេះហើយ ទើបក្រសួងព័ត៌មាននៅក្នុងអាណត្តិទី៧នេះ បានដាក់ចុះនូវចក្ខុវិស័យ ត្រូវតែជាស្ថាប័នទំនាក់ទនងសាធារណៈរបស់រាជរដ្ឋាភិបាលដែលត្រូវតែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបញ្ជាក់សារសំខាន់នៃកិច្ចសហការក្នុងចំណោមមន្ទីរអង្គភាពនៅតាមខេត្ត និងការគាំទ្រពីគណៈអភិបាលខេត្ត ដើម្បីជំរុញដល់មន្ទីរ អង្គភាពជំនាញសហការជាមួយមន្ទីរព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការ និងសមិទ្ធផលក្នុងខេត្តឱ្យបានទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ។ ដូចនេះ សូមលើកទឹកចិត្ត និងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងឡើងថែមទៀតរវាងអាជ្ញាធរមានសមត្ថកិច្ចដែលជាប្រភពព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានព្រោះអាជ្ញាធរ និងអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងកិច្ចការផ្សព្វផ្សាយព័ត៌មាន។

បើតាមឯកឧត្តម គីម រិទ្ធី ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តព្រះវិហារអនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តីតែបានប្រឹងប្រែងរួមគ្នាជម្នះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួនដោយបានផលិតព័ត៌មានល្អៗជាច្រើនដើម្បីផ្សព្វផ្សាយពីសក្តានុពល និងសកម្មភាពរបស់រដ្ឋបាលខេត្តសម្រេចបានជូនដល់ដៃប្រជាពលរដ្ឋ។

ឯកឧត្តម គីម រិទ្ធី បានលើកឡើងថា ការងារព័ត៌មានគឺមានសារសំខាន់ណាស់ក្នុងជីវិតប្រចាំថ្ងៃគឺមិនអាចខ្វះព័ត៌មានបាននោះទេ។ ដូច្នេះហើយមន្ទីរព័ត័មានគឺមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានពិតដល់សាធារណជនទូទៅដោយត្រូវចេះជ្រើសរើសយកព័ត៌មានណាមកសរសេរឱ្យមានភាពទាក់ទាញហើយព្រឹត្តការណ៍ដែលកើតឡើងនោះគួរដាក់ផ្សាយ ឬអត់ តើផ្តល់ផលប្រយោជន៍អ្វីខ្លះដល់អ្នកអាន និងសង្គមហើយអ្នកសារព័ត៌មានក៏មានតួនាទីក្នុងការចូលរួមថែរក្សាស្ថេរភាពសង្គម និងប្រឆាំងព័ត៌មានក្លែងក្លាយ។

ចំណែកលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក្នុងនាមជាសេនាធិការឱ្យក្រសួងព័ត៌មាន និងអាជ្ញាធរខេត្ត មន្ទីរព័ត៌មានខេត្តបានខិតខំបំពេញតួនាទីភារកិច្ចលើវិស័យព័ត៌មាន និងសោតទស្សន៍ ដោយយកចិត្តទុកដាក់ជាសំខាន់គឺផ្សព្វផ្សាយព័ត៌មានពិត និងមានគុណភាពជូនដល់ប្រជាពលរដ្ឋក្នុងគោលដៅទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលធ្វើឱ្យប៉ះពាលដល់សណ្តាប់ធ្នាប់សង្គមស្របតាមគោលដៅបញ្ចកោណមុំទី៥ គឺការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ លទ្ធផលដែលមន្ទីរព័ត៌មានខេត្តព្រះវិហារបានយកចិត្តទុកដាក់អនុវត្តន៍នោះគឺការចុះយកព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយក្នុងខេត្ត ក្រុង/ស្រុក និងបន្តពីថ្នាក់ជាតិអំពីសភាពការណ៍ថ្មីៗព្រមទាំងសមិទ្ធផលនានាដែលអាជ្ញាធរ និងសហគមន៍សម្រេចបានដើម្បីឆ្លុះបញ្ចាំងបញ្ហាទាំងនេះទៅ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare