
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ គាំទ្រគ្រប់មធ្យោបាយទាំងរដ្ឋបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំលើអ្នកមកបន្សាបសារធាតុញៀននៅមជ្ឈមណ្ឌលព្យាបាលខេវី
(កំពង់ចាម)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខានៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់ការគាំទ្រដើម្បីសម្របសម្រួលនីតិវិធីផ្លូវច្បាប់គ្រប់ទម្រង់សម្រាប់ការបញ្ចូលអ្នកញៀនគ្រឿងញៀន ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការថែទាំសុខភាពអ្នកញៀនគ្រឿងញៀនឱ្យស្របតាមស្តង់ដា។
ថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម នាយឧត្តមសេនីយ៍ អញ្ជើញបំពេញទស្សនាកិច្ចមជ្ឈមណ្ឌល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំព្រមទាំងគណៈប្រតិភូមកពីខេត្តកំពង់ចាមជាច្រើនរូបដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្នុងបរិវេណមជ្ឈមណ្ឌលព្យាបាលខេវី ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ឯកឧត្តម នាយឧត្តមសេនីយ៍បានមានប្រសាសន៍ថា ដើម្បីងាយស្រួលនីតិវិធីក្នុងការបញ្ជូនអ្នកញៀនគ្រឿងញៀនឱ្យមកបន្សាបសារធាតុញៀនបាន ឯកឧត្តមបានស្នើសុំទៅដល់ព្រះរាជអាជ្ញា តុលាដំបូលខេត្តទាំងពីរឱ្យសម្របសម្រួលធ្វើលិខិតផ្លូវច្បាប់បញ្ជាក់ និងចោទប្រកាន់ជាមុនសិនទៅលើអ្នកញៀនគ្រឿងញៀនដោយមានភ្ជាប់ជាមួយក្រដាសពីគ្រូពេទ្យបញ្ជាក់ថាពិតជាមានសារធាតុញៀនទើបបានយើងបញ្ជូនពួកគាត់ឱ្យមកបន្សាបសារធាតុចេញនៅមជ្ឈមណ្ឌលខេវី។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍បានរៀបចំផែនការស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការចុះអនុស្សរណៈយោគយល់គ្នា(MOU) ជាមួយក្រសួងសង្គមកិច្ច និងក្រសួងការងារសម្រាប់ឱ្យមន្ទីរសង្គមកិច្ច និងមន្ទីរការងាររវាងខេត្តទាំងពីរត្បូងឃ្មុំ និងកំពង់ចាមដើម្បីផ្តល់ការគាំទ្រទៅលើផ្នែកថែទាំសុខភាព អាហារហូបចុក សម្លៀកបំពាក់សម្រាប់អ្នកញៀនគ្រឿងញៀនមកពីគ្រួសារក្រីក្រ មានជីវភាពខ្វះខាតព្រមទាំងផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ពួកគាត់ក្រោយពីបន្សាបសារធាតុញៀនចេញរួចរាល់ហើយពួកគាត់មានជំនាញច្បាស់លាស់ណាមួយ ទុកក្នុងខ្លួនអាចយកទៅប្រើប្រាស់ចិញ្ចឹមជីវិតខ្លួនឯងបាន។