
ម្ចាស់ប្រេនសម្រស់ធារ៉ាត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ឃុំបណ្ដោះអាសន្នពាក់ព័ន្ធនឹងករណីផលិតផលកែច្នៃគ្រឿងសំអាងដោយគ្មានច្បាប់អនុញ្ញាត
ភ្លាមៗមុននេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ដពោធិ៍សាត់ បានចាប់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះរួចឃុំខ្លួនជាបណ្ដោះអាសន្ន។
ការចុះបង្ក្រាបនេះមិនមែនជាលើកទី១ទេ កន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់ និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងសម្រស់ធារ៉ាម្ដងរួចមកហើយប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្ដិចដោយបន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ ២៥ខេត្ដក្រុងមិនខ្វាយខ្វល់ពីអំពើទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើនគិតថាមិនមានអ្នកណាធ្វើអ្វីកើត។
ដោយបទល្មើសកើតឡើងជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ឯណោះវិញទើបថ្មីៗសមត្ថកិច្ចបានចុះបង្ក្រាបជាមួយមន្ត្រីជំនាញហើយបានរកឃើញថា ផលិតផលទាំងនោះផលិតដោយគ្មានស្ដង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។
បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់បានឃុំខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ាជាបណ្ដោះអាសន្ន និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕