
រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ស្ពឺចុះពិនិត្យដោយផ្ទាល់លើតំបន់ខ្នងភ្នំផ្សារ ក្នុងជួរឧទ្យានជាតិភ្នំក្រវាញដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង
(កំពង់ស្ពឺ)៖ តបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញធ្វើដំណើរកម្សាន្តលើភ្នំខ្នងផ្សារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងក្រសួងស្ថាប័នពាក់ព័ន្ធបានចុះពិនិត្យដោយផ្ទាល់លើតំបន់ខ្នងភ្នំផ្សារក្នុងជួរឧទ្យានជាតិភ្នំក្រវាញដើម្បីពិនិត្យទៅលើផែនការជំរុញគោលដៅលំហែបៃតង។
ស្របតាមគោលបំណងសំខាន់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍គោលដៅលំហែបៃតងនេះដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានក៏ដូចជាការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ។
ក្រុមការងារពិសេសបានសហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងភ្នំផ្សារខ្នងភ្នំសំពៅនៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អសម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ។
-សិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនទេសចរណ៍ដែលមកកម្សាន្តនៅទីនេះ។
-សិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។
គម្រោងអភិវឌ្ឍន៍ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើងក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។
សូមបញ្ជាក់ថា ភ្នំខ្នងផ្សារជាតំបន់ព្រៃភ្នំដ៏ធំមួយមានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះគឺជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។ វាមានកម្ពស់ប្រហែល១០១៧ម៉ែត្រដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សារមានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅទីនេះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សារដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរដែលចង់មកលេងកម្សាន្ត៕