ការសាកល្បងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌កំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

អាជ្ញាធរក្រុងកំពតបានបញ្ជាក់ថា ការដំឡើងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌មិនទាន់រួចរាល់នៅឡើយទេហើយថាគ្រាន់តែការធ្វើតេស្តសាកល្បងប្រជាពលរដ្ឋ និងក្រុមអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមបានផុស និងចែករំលែកបន្តយ៉ាងផុសផុល។ ក្រោយពេលដំឡើង និងបញ្ចូលបទភ្លេងរួច អាជ្ញាធរជឿថា ខេត្តកំពតប្រែប្រួលមុខមាត់មួយកម្រិតទៀតហើយភ្ញៀវនឹងមកច្រើនទ្វេដង។

អភិបាលក្រុងកំពត លោក លាង រឿនសុធី បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសដំឡើងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេង​អម​ដោយភ្លើងចម្រុះពណ៌បានធ្វើតេស្តសាកល្បងក្បាលបាញ់ទឹក និងភ្លើងមួយចំនួនថា តើវាមានដំណើរការយ៉ាងដូចម្តេច? ហើយតាមរយៈការធ្វើតេស្ត ក្រុមការងារបច្ចេកទេសបញ្ជាក់ថា ក្បាលបាញ់ទឹកមួយចំនួននៅមិនទាន់មានចលនាល្អនោះទេ ក្បាលខ្លះក៏នៅស្ទះទឹក និងខ្លះទៀតដំណើរការរអាក់រអួលមិនត្រឹមត្រូវតាមមុខងារខណៈដែលការបញ្ចូលសាច់ភ្លេងក៏នៅមិនទាន់បានរៀបចំនៅឡើយដែរ។ លោកបានបន្តថា តាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត សួនបាញ់ទឹកដ៏ទាក់ទាញមួយនេះនឹងត្រូវរៀបចំកែសម្រួលឱ្យរួចរាល់នៅចុងខែមីនានេះ។

លោកអភិបាលក្រុងបានបន្ថែមផងដែរថា គ្រាន់តែជាការធ្វើតេស្តសាកល្បង សួនបាញ់ទឹកមួយនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋនៅក្នុងក្រុងកំពតក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងខ្លាំងអមដោយសំណេរដែលបង្ហាញពីចំណាប់អារម្មណ៍រំភើបរីករាយ និងមានមោទនភាពដែលខេត្តរបស់ខ្លួនទទួលបានសមិទ្ធផលទេសចរណ៍ថ្មីមិនធ្លាប់មាន ដែលជាចំណងដៃរបស់រាជរដ្ឋាភិបាលតាមរយៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។

លោកអភិបាលក្រុងបានបង្ហាញការជឿជាក់ថា សួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ក្រោយពេលដំឡើង និងរៀបចំកែសម្រួលរួចរាល់គឺពិតជានឹងអាចស្រូបទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតកាន់តែច្រើនទ្វេដងហើយថាខេត្តកំពតនឹងប្រែប្រួលមុខមាត់មួយកម្រិតថែមទៀត។
  
សូមរំលឹកថា រដ្ឋបាលខេត្តកំពតបានធ្វើពិធីបើកការដ្ឋានដំឡើងសួនទឹករាំតាមចង្វាក់​ភ្លេងអមដោយភ្លើងចម្រុះពណ៌ក្នុងដងព្រែកកំពង់បាយទល់មុខសាលាខេត្តកាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ ហើយបន្ទាប់ពីសួនបាញ់ទឹករួចរាល់ រដ្ឋបាលខេត្តកំពតនឹងចាប់ផ្តើមសាងសង់ស្ពាន និងផ្លូវវាងក្រុងឆ្លងកាត់ព្រែកកំពង់បាយ១ខ្សែទៀតខណ:ដែលឆ្នេរសមុទ្រកម្សាន្តនឹងត្រៀមស្ថាបនាក្នុងពេលបន្ទាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare