
កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើង ០៨នាក់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់
(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតទទួលបានព័ត៌មានតាមរយៈគណនីហ្វេសប៊ុក ដោយបានបង្ហោះវីដេអូមានខ្លឹមសារថា “ក្រុងបាវិតវ៉ៃគ្នាសឹងរាល់ថ្ងៃអនាធិបតេយ្យនៅមុខប្រៃសណីយ៍ នៅម៉ោង ៤:០០ព្រឹក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥”។
ក្រោយពីបានទទួលបានព័ត៌មានរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងបានចាត់តាំងឱ្យលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដឹកនាំកម្លាំងការិយាល័យជំនាញខេត្តសហការជាមួយលោកវរសេនីយ៍ទោ អែម សុវណ្ណរិទ្ធិ អធិការនគរបាលក្រុងបាវិត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណក្មេងទំនើងដែលបានបង្កហិង្សាវាយទៅលើយុវជនផ្សេងទៀតព្រមទាំងបានឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ ប្រុស និងដកហូតវត្ថុតាង ម៉ូតូ ០៣គ្រឿង ដាវ ០១ដើម កាំបិតផ្គាក់ ០១ដើម និងកាំបិត ០១ដើម។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ០៨នាក់បានឆ្លើយសារភាពថាបក្សពួកខ្លួនពិតជាបានបង្កហិង្សាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅក្រុងបាវិតពិតប្រាកដមែន។
បច្ចុប្បន្នក្មេងទំនើងទាំង ០៨នាក់រួមទាំងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមីតិវិធីច្បាប់ហើយត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តរួចហើយ។