
ឈើមូលជាច្រើនដុំត្រូវបានកាប់បំផ្លាញដោយក្រុមឈ្មួញដឹកយកទៅលក់ដើម្បីតែផលប្រយោជន៍របស់ខ្លួនដោយមិនគិតពីផលប៉ះពាល់ដល់សម្បត្តិធម្មជាតិ
(ស្រុកជីក្រែង)៖ ឈើមូលជាច្រើនដុំត្រូវបានដឹកជញ្ជូនតាមគោយន្តមកដាក់នៅកន្លែងសិប្បកម្មមួយកន្លែងស្ថិតក្នុងភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។
បើយោងតាមប្រភពព័ត៌មានខ្លះដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់សារព័ត៌មានយើងថា ឈើមូលទាំងអស់នោះគឺជារបស់ឈ្មោះ ធិន ធូរ ដែលតែងតែដឹកឈើមូលស្រស់ដោយសេរី និងបានបន្តប្រមូលទិញពីក្រុមឈ្មួញផ្សេងៗក្នុងភូមិតាភៀ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីដឹកជញ្ជូនចូលរោងសិប្បកម្មស្ថិតនៅក្នុងភូមិ-ឃុំខាងលើសឹងជារៀងរាល់ថ្ងៃដោយមិនមានមន្ត្រីសមត្ថកិច្ចណាម្នាក់បង្ក្រាបឡើយ។
ជាក់ស្តែងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះក្រុមការងារសារព័ត៌មានយើងក៏បានផ្តិតយករូបភាពមួយចំនួននូវសកម្មភាពដឹកជញ្ជូនឈើរបស់លោក ធិន ធូរ ស្ថិតក្នុងភូមិឃុំខាងលើដែលជាដែនសមត្ថកិច្ចរបស់លោក សាំង សំរិទ្ធ នាយសង្កាត់រដ្ឋាបាលព្រៃឈើដែលលោកគ្រប់គ្រងចំនួន ៧ ឃុំគឺ ឃុំសង្វើយ,ឫស្សីលោក,កំពង់ក្តី,គោកធ្លកលើ,គោកធ្លកក្រោម,ស្ពានត្នោត,និងល្វែងឫស្សី។ ប៉ុន្តែចម្ងល់ឆ្ងល់ថា ហេតុអីក៏លោក សាំង សំរិទ្ធ មិនបង្ក្រាប? តើលោក សាំង សំរិទ្ធ ដឹងឬធ្វើមិនដឹងព្រោះនេះជាដែនសមត្ថកិច្ចរបស់ខ្លួនហើយនោះ?
គួររំលឹកផងដែរថា កន្លងមកក៏ធ្លាប់មានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីមន្ត្រីថ្នាក់ជាតិដែរដែលឱ្យមន្ត្រីថ្នាក់ក្រោមជាតិចុះបង្ក្រាបរាល់បទល្មើសព្រៃឈើដែលកាប់បំផ្លាញនិងដឹកជញ្ជូនគ្រប់រូបភាពដោយឡែកមន្ត្រីថ្នាក់ក្រោមជាតិឯណេះវិញហាក់ធ្វើមិនដឹងមិនឮឬក៏ដេកលក់អស់ហើយ?ជាពិសេសមន្ត្រីដែលនៅតាមសង្កាត់នានាក្នុងស្រុកជីក្រែង ខេត្តសៀមរាប នេះតែម្តង។
ក្នុងករណីកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើមូលស្រស់ខាងលើនេះក៏សូមគោរពស្នើរសុំដល់មន្ទីរកសិកម្ម,មន្ទីរបរិស្ថានជាពិសេសឯកឧត្តមអភិបាលខេត្តសៀមរាបសូមជួយដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទឱ្យចុះត្រួតពិនិត្យដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសទាំងអស់នេះផងទាន៕