ឯកឧត្តម សួន សុម៉ាលីន បន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ

(ព្រៃវែង)៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានព្រមទាំងមន្ត្រីជំនាញនៃខេត្តទាំងពីរបានអញ្ជើញចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រពវៃគោ ជំហាន២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសុទិន ខេត្តកំពង់ចាមដើម្បីស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករនៅស្រុកស៊ីធរកណ្ដាល ស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកមេសាង ខេត្តព្រៃវែង។

បើយោងតាមផេកផ្លូវការរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានបង្ហោះថា ការជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាតទឹកចំនួន ៨៨៩១ហិចតាក្នុងស្រុកចំនួន៣ គឺស្រុកស្វាយអន្ទរ មាន៤ឃុំ ស្រុកកំចាយមារ មាន៤ឃុំ និងស្រុកមេសាង មាន៨ឃុំ ក្នុងខេត្តព្រៃវែង។ មុនចាប់ផ្តើមដំណើរការបូម នាយកដ្ឋានធារាសាស្ត្រ កសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយមបាននាំគ្រឿងចក្រមកទប់ភ្លឺព្រែកវ៉ៃគោដែលទឹកហូរដាច់នៅរដូវវស្សាប្រវែង ១០០ម៉ែត្រ ដើម្បីកុំឱ្យទឹកហូរចូលបឹងក្រពិត និងរុញទឹកឱ្យដល់ទិសដៅដែលប្រជាកសិករត្រូវការទឹកក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

ទាំងអស់នេះបានបង្ហាញឱ្យឃើញថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្តមអភិបាលខេត្តតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាទោះក្នុងកាលៈទេសៈបែបណាក៏ដោយមិនបានទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលនោះទេ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare