តុលាការខេត្តរតនគិរីកាត់ទោសជនល្មើស ៣ នាក់ ជនជាតិវៀតណាម ២នាក់ និងខ្មែរម្នាក់ ពីបទដាក់អន្ទាក់ចាប់កូនសត្វព្រៃតំបន់ការពារធម្មជាតិ

(រតនគិរី)៖ សាលាដំបូងខេត្តរតនគិរីបានចេញដីកាដាច់ដោយឡែកពីគ្នានៅថ្ងៃទី០៥ ខែមេសា ឆ្នាំ ២០២៤ បង្គាប់ឱ្យឃុំខ្លួនជនល្មើស ៣នាក់ ក្នុងនោះមានជនជាតិវៀតណាម ២នាក់ និងខ្មែរម្នាក់ពីបទ ដាក់អន្ទាក់ប្រមាញ់កូនសត្វព្រៃដែលកំពុងរងគ្រោះថ្នាក់ និងលួចឆ្លងដែនខុសច្បាប់នៅតំបន់ការពារធម្មជាតិឧទ្យានជាតិអូរយ៉ាដាវ ។

ជនទាំងល្មើសទាំង ៣នាក់មានឈ្មោះ៖
១. កាប៉ូយ ស៊ឺង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចារ៉ាយ សញ្ជាតិវៀតណាម ប្រព្រឹត្តនៅចំណុចប៉ុស្តិ៍អូរតាងក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិអូរយ៉ាដាវ ស្ថិតក្នុងភូមិដរតូច ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ ចំណុច៣ មាត្រា ៦១ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមាត្រា ២៩ កថាខណ្ឌ១ នៃច្បាប់អន្តោប្រវេសន៍ ។
២. រចំ គៀវ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចារ៉ាយ សញ្ជាតិវៀតណាម ប្រព្រឹត្តកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ ចំណុច៣ មាត្រា ៦១ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងមាត្រា ២៩ កថាខណ្ឌ១ នៃច្បាប់អន្តោប្រវេសន៍ ។
៣. ង៉ែម ស៊ី ភេទប្រុស អាយុ ២៥ ឆ្នាំ សញ្ជាតិខ្មែរ ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ មាត្រា ៥៦ កថាខណ្ឌ ២ ចំណុច៣ មាត្រា ៦១ កថាខណ្ឌ២ ចំណុច៥ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។

នេះជាការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាអ្នកតាមដាន និងអនុវត្តនៃច្បាប់ដែលកំណត់ក្របខណ្ឌនៃការគ្រប់គ្រង ការអភិរក្ស ការអភិរក្សជីវៈចម្រុះ និងការធានាប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិប្រកបដោយនិរន្តភាព ។

នេះជាការព្រមានចំពោះជនណាក៏ដោយដែលបំពានទៅលើច្បាប់មិនឱ្យរួចខ្លួនមានវាសនាត្រូវទទួលទោសជាកំហិតហើយក៏ជាការព្រមានដល់ជនល្មើសទាំងឡាយណា ដែលរំលោភបំពាន បំផ្លាញក្នុងតំបន់ការពារធនធានធម្មជាតិទាំងអស់លើទឹកដីព្រះរាជាណាចក្រកម្ពុជា៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare