សន្តិភាព​ គឺជាសមិទ្ធិផលរួមប្រកបដោយមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរ នេះជាប្រសាសន៍ របស់ឯកឧត្តម ហ៊ុន ម៉ាណែត


កំពង់ចាម​៖ ឯកឧត្ដម ហ៊ុន ម៉ាណែត មានប្រសាសន៍ថាពេលខ្លះយើងអាចមើលមិនឃើញ ឬចាប់អារម្មណ៍ និងឱ្យតម្លៃចំពោះអ្វីដែលមានតម្លៃបំផុតនៅក្នុងជីវិតយើង ដូចជាសន្តិភាពជាដើម សន្តិភាព ជារបស់មនុស្សជាតិទាំងអស់គ្នា យើងអាចរស់បានដោយសារសន្តិភាព ហើយវាមានតម្លៃណាស់ នៅពេលដែលវាបាត់បង់ ប៉ុន្តែយ៉ាងណាក៏ដោយ ឆ្លងតាមសភាពការណ៍ជាក់ស្តែងកន្លងមក ក៏បានបង្ហាញដែរថា ប្រជាពលរដ្ឋខ្មែរភាគច្រើនបានយល់ច្បាស់ និងឱ្យតម្លៃលើសេចក្តីសុខ និងសន្តិភាពរបស់ប្រទេសជាតិ គឺសន្តិភាពដែលសម្រេចបានដោយនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ និងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ សន្តិភាពនេះ គឺជាសមិទ្ធិផលរួមប្រកបដោយមោទនភាពរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ របស់កម្ពុជា។ សូមអរគុណសន្តិភាពដែលកំពុងមាននេះ, សូមអរគុណដល់អ្នកជួយរកសន្តិភាព និងសូមចូលរួមទាំងអស់គ្នាថែរក្សាការពារឱ្យខានតែបាន។​ ការ​លេីក​ឡើង​យ៉ាង​ដូច្នេះ​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធពុទ្ធរូបព្រះអង្គធំ និងសមិទ្ធិផលនានា ក្នុងវត្តនិគ្រោធារាម នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ បាន​ថ្លែង​ថា​ បញ្ហាប្រឈម និងការខ្វះខាតក៏នឹងបន្តកើតមានជាដរាប ប៉ុន្តែអ្វីដែលសំខាន់ គឺការមានទឹកចិត្ត និងការយកចិត្តទុកដាក់ចូលរួមជួយចែករំលែក និងដោះស្រាយបញ្ហាទាំងអស់គ្នា ដើម្បីបង្កលក្ខណៈឱ្យយើងមានឱកាស និងលទ្ធភាពបន្តកសាង និងអភិវឌ្ឍទៅមុខទៀត ដោយអ្វីៗគ្រប់យ៉ាង គឺធ្វើដើម្បីប្រជាពលរដ្ឋ។ នេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលចង់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងសុខសុភមង្គលសប្បាយរីករាយ និងទទួលបានការបម្រើសេវាសាធារណៈល្អប្រសើរលើគ្រប់វិស័យ។​
ជាមួយគ្នា​នោះ​ ឯកឧត្ដម​ ក៏បាន​ថ្លែងចូលរួមរំលែកទុក្ខក៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួសនៅក្នុងហេតុការណ៍បាក់រលំអគារនៅក្នុងខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ សហគ្រាសឯកជន សប្បុរសជន ប្អូនៗយុវជន និងបងប្អូនជនរួមជាតិ ដែលបានរួបរួមសាមគ្គីជាធ្លុងមួយខិតខំជួយសង្គ្រោះ និងចូលរួមឧបត្ថម្ភដើម្បីជួយសម្រួលដល់ការលំបាក និងជីវភាពរបស់ក្រុមគ្រួសារជនរងគ្រោះ នៅក្នុងស្ថានភាពដ៏លំបាកនេះ ដែលស្តែងឱ្យឃើញអំពីស្មារតីរឹងមាំ និងសាមគ្គីភាពជាតិ ជាពិសេសការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះដឹកនាំប្រតិបត្តិការសង្គ្រោះដោយផ្ទាល់ រួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈផងដែរ​ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare