
អភិបាលខេត្តប៉ៃលិន ជួយដក និងទិញមើមដំឡូងជ្វាពីកសិករដែលកំពុងជួបបញ្ហាទីផ្សារ
ខេត្តប៉ៃលិន ៖ រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ យុវជន សសយក បានជួយដក និងទិញមើមដំឡូងជ្វារបស់ កសិករដែលកំពុងជួបបញ្ហាទីផ្សារនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បន្ទាប់ពីបងប្អូនបានលើកឡើងពីកង្វល់នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៥ នៅស្រុកសាលាក្រៅ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការបានកំពុងខិតខំបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករដោយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការ ដាំដុះរបស់បងប្អូនប្រជាកសិករ ទទួលបានទិន្នផលច្រើន ចំណាយលើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជា អ្នកដាំដុះផ្ទាល់ជាពិសេសគឺផលិតកសិផលទៅតាមតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
លោកជំទាវអភិបាលខេត្តក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាកសិករដែលដាំដុះត្រូវគិតគូរពីផលប៉ះពាល់ និងសុខភាពរបស់ប្រជាពលរដ្ឋដែលបានទិញកសិផលយកទៅទទួលទាន គឺត្រូវប្រើជីធម្មជាតិដោយមិនត្រូវប្រើគីមីនោះឡើយហើយបើសិនជាមានករណីជួបប្រទះនូវបញ្ហាផលប៉ះពាល់ដល់ដំណាំដែលកំពុងដាំដុះត្រូវរាយការណ៍ជូនដល់មន្រ្តីជំនាញកសិកម្មខេត្តឱ្យចុះទៅពិនិត្យ និងរកវិធីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ជំរុញដល់មន្រ្តីជំនាញទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋានឱ្យបានញឹកញាប់ដើម្បីសួរសុខទុក្ខ និងតាមដានការដាំដុះរបស់ប្រជាកសិករហើយបើមានបញ្ហាកើតឡើង សូមរកដំណោះស្រាយជូនដល់ពួកគាត់ឱ្យទាន់ពេលវេលាជាពិសេសត្រូវជួយបង្ហាត់បង្រៀនបច្ចេកទេសពីវិធីដាំដុះ និងថែទាំ ទៅតាមស្តង់ដាទីផ្សារទើបកសិផលទាំងនោះ មានការគាំទ្រច្រើនពីអតិថិជន។
ចំណែកប្រជាកសិករ ម្ចាស់ចំការបានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពេលដែលឃើញលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តចុះមកសួរសុខទុក្ខពួកគាត់ដល់ចំការតែម្តងព្រមទាំងបានជួយដក និងជួយទិញមើមដំឡូងជ្វារបស់គាត់ ដែលកំពុងជួបបញ្ហាទីផ្សាររាប់តោនផងដែរដូច្នេះពួកគាត់សូមបួងសួងដល់បារមីវត្ថុសក្តិសិទ្ធក្នុង លោក សូមតាមជួយបីបាច់ថែរក្សាដល់លោកជំទាវ និងក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច៕