
លោកជំទាវ បាន ស្រីមុំ ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត
(ខេត្តប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៣ របស់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត ។
បន្ទាប់ពីប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារដែលសម្រេចបាននៅ ឆ្នាំ២០២៣ រួចមក លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្តដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយរស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈការខិតខំចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាដោះស្រាយនូវរាល់សំណើសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋាន ។
លោកជំទាវបណ្ឌិតអភិបាលខេត្តក៏បានមានប្រសាសន៍លើកឡើងពីការអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយឆ្នាំ២០២២នេះ គឺជាឆ្នាំនៃការអនុវត្តផែនការ ៥ឆ្នាំ នៃកម្មវិធីជាតិរយៈពេល ១០ឆ្នាំ ដំណាក់កាលទី២ (២០២១- ២០៣០) ដែលមានចក្ខុវិស័យក្នុងការធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍមូលដ្ឋានដែលផ្តល់ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិប្រកបដោយបរិយាប័ន្ន និងសមធម៌ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យដ៏ទូលំទូលាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដូច្នេះមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្តត្រូវបន្តយកចិត្តទុកដាក់រៀបចំផែនការសកម្មភាព និងថវិកាក្នុងការអនុវត្តន៍កំណែទម្រង់នេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ទីរអង្គភាព ស្ថាប័ន ជុំវិញខេត្តត្រូវយកចិត្តទុកដាក់លើការងារស្នូលរបស់ខ្លួនក្នុងនោះរដ្ឋបាលក្រុង/ស្រុក ត្រូវពង្រឹងភាពម្ចាស់ការ និងការទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តន៍មុខងារ និងធនធាននានាដើម្បីលើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរស្របតាមការវិវត្តន៍រីកចម្រើនរបស់សង្គមជាតិ ៕