ឯកឧត្តមបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីភាពសិក្ខាសាលា ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់ សេវាសាធារណៈនៃអង្គភាពផ្តល់សេវា សាធារណៈគំរូក្នុងវិស័យអប់រំ នៅសាលាខេត្តបាត់ដំបង

បាតដំបង÷ នៅថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិក្នុងសិក្ខាសាលា ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ បានជំរុញឲ្យចលនាការប្រកួតប្រជែងសាលារៀនគំរូគ្រប់កម្រិតទូទាំងប្រទេសទាំងអស់ នាំគ្នាប្រឡងប្រណាំងឲ្យកាន់តែមានភាពផុលផុសបន្ថែមទៀត ដើម្បីឲ្យវិស័យអប់រំនៅកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ល្អប្រសើរ និងទៅថ្ងៃមុខកម្ពុជាមានធនធានមនុស្សពោរពេញដោយសមត្ថភាពច្បាស់លាស់ ក្នុងចូលរួមអភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើន ។

អង្គសិក្ខាសាលាមានការចូលរួមពី លោក ហឿង សុគន្ធ អភិបាលរងខេត្ត និងមានថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណ:គ្រប់រាជធានី-ខេត្ត នាយកវិទ្យាល័យគ្រប់រាជធានី-ខេត្ត មន្រ្តីមន្ទីរអប់រំគ្រប់រាជធានី-ខេត្តអភិបាលរង គ្រប់រាជធានី-ខេត្តអញ្ជើញចូលរួមជិត៦០០នាក់។

លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង បានលើកឡើងថា ក្នុងនាមរដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នឹងបន្តអភិវឌ្ឍន៍វិស័យអប់រំ ឲ្យកាន់តែប្រសើរឡើង តាមរយៈយុទ្ធនាការផ្សព្វផ្សាយលើការជំរុញពលរដ្ឋ បញ្ជូនកូនគ្រប់អាយុចូលសាលាឲ្យបានគ្រប់ៗគ្នា រួមទាំងការងារផ្សេងៗ ពាក់ព័ន្ធនឹងវិស័យអប់រំនេះផង។

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ថា ដើម្បីទ្រទ្រង់ដល់ការរីកចម្រើនលើវិស័យអប់រំ ក៏ដូចជារដ្ឋបាលសាធារណៈទាំងមូលរាជរដ្ឋាភិបាលបានអនុវត្តន៍នូវគោលនយោបាយសំខាន់ៗ មួយចំនួន គឺសំដៅលើកទឹកចិត្តដល់មន្ត្រីរាជការ និងពង្រឹងផលិត
ភាពវិស័យសាធារណៈ ពិសេសការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការជារៀងរាល់ឆ្នាំ ។

ឯកឧត្តមបានបន្តថា ក្នុងន័យនេះគឺធ្វើឲ្យវិស័យអប់រំមានការរីកចម្រើនថែមទៀតជាការកំណែរទម្រង់របស់ រាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតប្រជែងសាលារៀនគំរូប្រចាំឆ្នាំ ហើយជំរុញឲ្យសាលាដែលជាប់ជ័យលាភី បានចែករំលែកបទពិសោធន៍ដល់សាលារៀនផ្សេងៗ ដើម្បីឲ្យគុណភាពអប់រំកាន់តែល្អប្រសើរឡើង ព្រមទាំងជំរុញឲ្យចលនាប្រកួតប្រជែងនេះ កាន់តែផុលផុសជាងមុននិងបន្តធ្វើជាបន្តបន្ទាប់ថែមទៀត ។

លោក ប៉ិច ឈឺត នាយកវិទ្យាល័យពេជ្រចិន្តា ស្ថិតក្នុងស្រុកភ្នំព្រឹក ដែលជាសាលាជាប់លេខ១ទូទាំងប្រទេស ក្នុងការប្រកួតប្រជែងសាលាគំរូ ឆ្នាំ២០១៩ បានលើកឡើងថា ការធ្វើឲ្យសាលាឈានរហូតជាប់លេខ១ ទូទាំងប្រទេស បានដោយសារមានថ្នាក់ដឹកនាំសាលាល្អ មានសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សអនុវត្តន៍នូវគោលការណ៍វិន័យរបស់សាលា ហើយនឹងមានការចូលរួមពីសំណាក់សហគមន៍សាលាផងដែរ ។

ជាមួយគ្នានេះ លោកនាយកប្ដេជ្ញាចិត្ត ក្នុងការចូលរួមពង្រឹងវិស័យអប់រំនៅកម្ពុជា ដោយបន្តខិតខំអនុវត្តន៍នូវគោលការណ៍របស់សាលាថែមទៀត ក៏ដូចជាការពារឲ្យបាននូវពាន់រង្វាន់ជ័យលាភីលេខ១នេះ ។

ក្នុងឱកាសនោះគណ:អធិបតីនិងសិក្ខាកាមទាំងអស់អញ្ជើញដើរទស្សនាស្តង់ដាក់តាំងតាមចំណាត់ថ្នាក់មាន១០ស្តង់ក្នុងនោះ ជ័យលាភីជាប់លេខ១គឺវិទ្យាពេជ្រចិន្តាស្រុកភ្នំព្រឹក , លេខ២ វិទ្យាល័យហ៊ុនសែនឧត្តមានជ័យក្នុងខេត្តឧត្តមានជ័យ ,លេខ៣ វិទ្យាល័យប្រសូតិក្នុងខេត្តស្វាយរៀង , លេខ៤ សាលាចំណេះទូទៅនិងបក្ខទេសពួកខេត្តសៀមរាប , លេខ៥ វិទ្យាល័យ អង្គជ័យ ជា ស៊ីម ខេត្តកំពត , លេខ៦ វិទ្យាល័យកោះស្តេចខេត្តកោះកុង , លេខ៧ វិទ្យាល័យប្រាសាទបាគង ខេត្តសៀមរាប , លេខ៨ វិទ្យាល័យចំណេះទូទៅនិងបេក្ចទេសអនុវត្តខេត្តកំពង់ធំ,លេខ៩ វិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ រាជធានីភ្នំពេញ និងលេខ១០ វិទ្យាល័យអង្គរកា ខេត្តតាកែវ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare