
រមណីយដ្ឋានធម្មជាតិថ្វាកស្រុករតនមណ្ឌល
តំបន់ទេសចរណ៍ខេត្តបាត់ដំបង
រមណីយដ្ឋានធម្មជាតិថ្វាក ជាតំបន់ទេសចរណ៍ដ៍គួរឲ្យទាក់ទាញមួយ ដែលស្ថិតនៅប៉ែកខាងលិច នៃទីរួមខេត្ដបាត់ដំបង មានចំងាយ ប្រមាណជា ៤៥ គ.ម ដោយគិតចាប់ពីសាលាខេត្ដបាត់ដំបង។
ចំពោះដំណើរកម្សាន្ត ភ្ញៀវទេសចរអាចធ្វើដំណើរទៅកំសាន្ដតាមរយះផ្លូវជាតិលេខ ៥៧ B បាត់ដំបង +ប៉ៃលិន ។
រមណីយដ្ឋាននេះស្ថិតក្នុងដងស្ទឹងសង្កែ ក្នុងភូមិថ្វាក ឃុំអណ្តើកហែប ស្រុករតនមណ្ឌល នៃខេត្តបាត់ដំបង ត្រូវបានគ្រប់គ្រងដោយ អាជ្ញាធរមូលដ្ឋាននៅទីនោះ។ ដោយគិតចាប់ពីរឆ្នាំ២០១១ រមណីយដ្ឋាននេះ ចាប់ផ្តើមពេញនិយមសម្រាប់ទេសចរជាតិ មកលេងទឹក និងសម្រាកកម្សាន្ត ។ នៅរដូវប្រាំង កម្រិតទឹករាក់ល្មមសម្រាប់ទេសចរអង្គុយលេង ក្នុងស្ទឹង លើថ្មរដេបរដុប ។ ទីនេះមានដើមឈើធំៗ ផ្ដល់ជាម្លប់ និងគុម្ពឬស្សីជាច្រើនដុះតាមច្រាំង ផ្លូវចូលទៅលេង អមទៅដោយតូប ដែលសាងសង់ឡើងសំរាប់ភ្ញៀវសំរាកកាយ។ ភ្ញៀវទេសចរអាចគយគន់នូវ ទេសភាពធម្មជាតិនៅតាមមាត់ស្ទឹង ស្ដាប់សំលេងទឹកហូរ និងសត្វយំដ៏ខ្ញៀវខ្ញា និងមុជទឹកកំសាន្ត។ ជាពិសេសទៅទៀតនោះកន្លែងកំសាន្ដនេះមាន ផ្ទៃទឹកហូររាបស្មើ និងមានទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្ម ធំ តូច គួជាទីកំសាន្ដយ៉ាងមនោរម្យ។ នៅថ្ងៃឈប់សម្រាក់ និងក្នុងពេលបុណ្យទានធំ ៗម្តង ពិសេសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជាតិយ៉ាងច្រើនកុះករមកលេងទឹកនៅរមណីតដ្ឋាននេះ ។ និយាយរួមរមណីយដ្ឋាននេះ មាន លក្ខណៈល្អគ្រប់គ្រាន់ សំរាប់ធ្វើជាកន្លែងកំសាន្ដ លេងទឹក និងសំរាកកាយ យ៉ាងសប្បាយរីករាយ ៕