
ដោយសារតែករណីទំនាស់ដីធ្លីផ្ទុះហង្សារបាញ់ឆៅៗ ជាច្រើនគ្រាប់មកលើអ្នកសារព័ត៌មាននិង ប្រជាពលរដ្ឋនៅចំណុចប៉ូយម៉ាចូវ
ខេត្តព្រះសីហនុ៖ ទំនាស់ដីធ្លីឈានដល់ការផ្ទុះអាវុធមកលើពលរដ្ឋនិងអ្នកសារព័ត៌មានកាលពីវេលាម៉ោងជាង ១០ ព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ រហូតមកដល់ថ្ងៃទី ១៤ ខែវិច្ឆិកា ត្រូវបានកម្លាំងចម្រុះដឹកនាំដោយអភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង សុីណេត សហការជាមួយ អភិបាលស្រុកព្រៃនប់ លោក ស កក្កដា និង អធិការស្រុកព្រៃនប់ លោក ហ៊ួរ យ៉ៃ ព្រមទាំងកម្លាំងកងរាជអាវុធហត្ថខេត្តផងដែរ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោងជាង៩ ព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដែលស្ថិតនៅចំណុចភូមិគគីរ ឃុំបិត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យ៉ាងហោចណាស់ក៏បានឃាត់ខ្លួនមនុស្សចំនួន ១៧នាក់ ភាគច្រើនជាយុវជនដែលគេសង្ស័យថា បានប្រើប្រាស់អាវុធបាញ់ចំនួន ៤គ្រាប់ មកលើប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានក្នុងអំឡុងដែលអ្នកសារព័ត៌មានទាំងនេះមានបំណងចុះថតផ្ដិតយករូបភាព ដែលប្រភពអះអាងថា មានការទំនាស់ដីធ្លីកើតឡើងនៅចំណុចខាងលើនេះ។ មនុស្សដែលត្រូវបានឃាត់ខ្លួនទាំងនោះ សមត្ថកិច្ចបានដកហូត ដាវកាំបិតនិងពូថៅ ប៉ុន្តែមិនទាន់បានរកឃើញនៅកាំភ្លើងដែលបានដេញបាញ់ពលរដ្ឋនិងអ្នកសារព័ត៌មានកាលពីថ្ងៃទី ១៣វិច្ឆិការនោះឡើយ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋានខេត្តព្រះសីហនុ ដោយរង់ចាំធ្វើការសាកសួរជុំវិញការបាញ់មកលើប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន។ ទោះជាយ៉ាងណាក៏ដោយមិនទាន់មានរបាយការណ៍ណាមួយច្បាស់លាស់ពាក់ព័ន្ធក្នុងករណីនេះនៅឡើយ៕